Home » Chairman’s Message

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល

បរិបទនៃការជាសះស្បើយបន្ទាប់ពីរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ-១៩ បានឆ្លុះបញ្ជាំងអោយយើងឃើញតាមរយៈសន្ទុះងើបឡើងមកវិញនៃវិស័យទេសចរណ៍រួមជាមួយនឹងកំណើនសកម្មភាពផលិតកម្មនានាដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចជាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តការយកចិត្តទុកដាក់ខ្ពស់លើការកែលម្អរហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់បរិយាកាស ធុរកិច្ច និងការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងមានកំណើនខ្លាំងនៅឆ្នាំ ២០២៤ ជាមួយនឹងការព្យាករណ៍ពី ៥.៨% ទៅ ៦.៤% ។ ទទឹមនឹងនេះ ភាពមិនច្បាស់លាស់នៅក្នុងការធ្វើពាណិជ្ជកម្មសកល លំហូរនៃការវិនិយោគ និងការងើបឡើងវិញយឺតក្នុងវិស័យសំណង់ និងអចលនទ្រព្យក៏នៅតែជាបញ្ហាប្រឈមរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីឆ្លើយតបនឹង​បញ្ហា​ទាំងនេះ រាជរដ្ឋាភិបាលក៏​កំពុងតែ​អនុវត្តនូវ​វិធានការ​​ពង្រឹង​ភាពធន់​នឹង​សេដ្ឋកិច្ច និង​ជំរុញអោយមានការប្រកួតប្រជែងក្នុងវិស័យធនាគារដូចជា (ប្រភព៖ ធនាគារ​អភិវឌ្ឍន៍អាស៊ី  ធនាគារពិភពលោក IPS Cambodia Real Estate)។

បើយើងរួមគ្នាមកពិនិត្យមើលសេវាហិរញ្ញវត្ថុវិញ យើងឃើញថា គុណភាពផលប័ត្រប្រាក់កម្ចី (NPL) នៅក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូ្រហិរញ្ញវត្ថុក៏មានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានវិប័ត្តជម្ងឺកូវីដ ១៩ ។ គិតត្រឹមត្រីមាសទី១ដើមឆ្នាំ២០២៤ គុណភាពផលប័ត្រប្រាក់កម្ចី PAR>៣0 សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរ កើនឡើងដល់ ៤.៩% រីឯគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ ១២.៥% គ្រឹះស្ថានឥណទានជនបទ ប្រមាណ ១១.២% ។ ដោយឡែក សម្រាប់គុណភាពផលប័ត្រប្រាក់កម្ចី PAR> ៣0 របស់គ្រឹះស្ថាន ម៉ាមេឌី ហ្វាយនែន ម.កគិតត្រឹមខែមីនា ឆ្នាំ២០២៤ មានចំនួនត្រឹមតែ ៤.៨២ % តែប៉ុណ្ណោះ។ លទ្ធផលនេះ គឺបានមកពីការគ្រប់គ្រងឥណទានប្រកបដោយការប្រុងប្រយ័ត្ន និង ការចំណាយប្រតិបត្តិការដែលមានប្រសិទ្ធភាពអំណោយផលដល់ គ្រឹះស្ថាន ម៉ាមេឌី ហ្វាយនែន ម.ក ទទួលបាននូវផលចំណេញជាមធ្យម (ROE) អត្រា១៤.២១% គិតក្នុងឆ្នាំ២០២៣ និងបន្តកំណើន (ROE)ប្រមាណជា ១៩.២២% គិតត្រឹម​ ៦ខែ ឆ្នាំ២០២៤ ។

លទ្ធផលល្អប្រសើរដែលគ្រឹះស្ថាន ម៉ាមេឌី ហ្វាយនែន ម.ក ទទួលបានក៏ដោយសារមានការចូលរួមសហការគ្នាល្អពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់ ជាពិសេសក្រុមការងារផ្នែកផ្តល់សេវាហិរញ្ញវត្ថុតែងតែគិតគូដល់ការកំណត់គោលដៅប្រើប្រាស់ឥណទានរបស់អតិថិជន និងការផ្តល់ជូនអតិថិជននូវដំណោះស្រាយបញ្ហាជាក់លាក់។  ក្រុមការងារក៏បានជួយពិនិត្យ​ និងសិក្សាស្វែងយល់ពីតម្រូវការរបស់អតិថិជន ហានិភ័យ លទ្ធភាព ភាពជាដៃគូ និងជម្រើសដ៏សមរម្យបំផុតនៃដំណោះស្រាយដែលមានលក្ខណៈតូចៗ រួចទើបពង្រីក និងពង្រឹងជាជំហ៊ានៗច្បាស់លាស់ ដើម្បីអោយប្រាកដថាការផ្តល់សេវាកម្មហិរញ្ញវត្ថុពិតជាអាចជួយដល់អតិថិជន ដៃគូអាជីវកម្ម និងសហគមន៍ក្នុងការបង្កើនផលិតភាពអោយមានប្រសិទ្ធភាព ការជួយទ្រទ្រង់គ្នា និងពង្រឹងគ្នាទៅវិញទៅមកនាំអោយឈានទៅសម្រេចគោលដៅចុងក្រោយគឺការជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អតិថិជន ម្ចាស់អាជីវកម្ម និងសហគមន៍។ ជាងនេះទៀត ក្រុមការងាររបស់ គ្រឹះស្ថាន ម៉ាមេឌី ហ្វាយនែន ម.ក ក៏បានជួយលើកកម្ពស់គុណភាពនៃការចំណាយ ការវិនិយោគ ឬប្រតិបត្តិការ ជំរុញអោយគ្រឹះស្ថាន ម៉ាមេឌី ហ្វាយនែន ម.ក មានសមត្ថភាពក្នុងការបង្កើនផលិតភាពក្នុងការផ្គត់ផ្គង់តម្រូវការរបស់អតិថិជនក្នុងបរិយាកាសប្រកួតប្រជែងប្រសើរឡើង។

យុទ្ធសាស្ត្រក្នុងការសម្រេចគោលដៅរយៈពេលវែង និងការទទួលបាននូវសមិទ្ធផលខ្ពស់ យើងត្រូវការជាចាំបាច់នូវការបណ្តាក់ទុនវិនិយោគលើផ្នែកធនធានមនុស្ស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការចាត់ចែងសម្របសម្រួលជាលំហូរនៃប្រតិបត្តិការប្រកបដោយចក្ខុវិស័យ។ ក្រោមការគាំទ្រ ការណែនាំ និងការតម្រង់ទិសរបស់និយ័តករជាអាណាព្យាបាល (NBC) ព្រមទាំងភាពទំនួលខុសត្រូវខ្ពស់របស់ គ្រឹះស្ថាន ម៉ាមេឌី​ ហ្វាយនែន ម.ក ក្នុងការជួយដល់អតិថិជន និងសហគ្រិនជាដៃគូអាចធ្វើអោយគ្រឹះស្ថាន ម៉ាមេឌី​ ហ្វាយនែន ម.ក មានការអភិវឌ្ឍន៍នឹងបន្តពង្រីកសក្តានុពលរបស់ខ្លួនបានយ៉ាងឆាប់រហ័ស។

ជាថ្មីម្តងទៀត ក្នុងនាមយើងខ្ញុំជាក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថាន ម៉ាមេឌី​ ហ្វាយនែន ម.ក សូមកោតសសើរដោយស្មោះស្ម័គ្រ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូអាជីវកម្ម និងសហការីប្រតិបត្តិទាំងអស់ដែលបានជួយគាំទ្រគ្នាទៅវិញទៅមកនៅក្នុងដំណាក់កាលដ៏លំបាកៗជាច្រើន​ជាពិសេសក្នុងបរិបទនៃការប្រកួតប្រជែងដ៏តានតឹងនៃពាណិជកម្ម និងសេដ្ឋកិច្ចសេរីក្នុងតំបន់ និងសាកលលោកបានយ៉ាងល្អប្រសើរ។​

យើងនៅជាមួយគ្នា សហការគ្នា សម្រេចជោគជ័យរួមគ្នា រីកចម្រើនជាមួយគ្នា សម្រេចគោលដៅ និងចែករំលែកការអភិវឌ្ឍដោយសមធម៌ !!!

ប្រធានក្រុមប្រឹក្សាភិបាល

ណារិន ពិសិដ្ឋ